ចាយ​បែបណា​ទើប​ហៅថា​ចំណាយ​ត្រឹមត្រូវ?

ចាយ​បែបណា​ទើប​ហៅថា​ចំណាយ​ត្រឹមត្រូវ?

637
0
SHARE

ភ្នំពេញ៖ ការគ្រប់គ្រង​ចំណូល និង​ចំណាយ​ផ្ទាល់ខ្លួន គឺជា​រឿង​សំខាន់បំផុត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។ មិន​ថា​លោកអ្នក​ស្ថិតនៅក្នុង​ស្ថានភាព​បែប​ណា​នោះទេ លោកអ្នក​ចាំបាច់​ត្រូវ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​រក្សា​ស្ថេរភាព​ហិរញ្ញវត្ថុ​អោយបាន បើ​មិន​ដូច​ច្នោះ​ទេ អ្នកនឹង​ត្រូវ​ជួប​នូវ​ស្ថានភាព​ស្មុគស្មាញ ដែល​អាច​ប៉ះពាល់​ដល់​សុភមង្គល​គ្រួសារ ហើយ​ពេលខ្លះទៀត អតុល្យភាព​នៃ​ការរស់នៅ​អាចធ្វើអោយ​អ្នក​កើត​ជំងឺផ្លូវចិត្ត​ថែមទៀត​ផង។ ដើម្បី​ដោះ​ប​ស្រាយ​នូវ​រាល់​បញ្ហា​ដែល​អាច​នឹង​កើតមានឡើង​ខាងលើ យើងខ្ញុំ​សូម​បង្ហាញអោយឃើញ​នូវ​វិធី​មួយចំនួន​ដើម្បី​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់ខ្លួន​ឲ្យ​បានល្អ​ប្រសើរ។

១. ចែក​ឲ្យ​ដាច់​ពី​តម្រូវការ និង​ចំណង់

វា​មិនមែនជា​រឿង​ងាយ​ឡើង​ក្នុងការ​កំណត់ថា “តើ​អ្នក​ចង់បាន​បែបណា? ហើយ​អ្នកត្រូវការ​បែបណា?។ ចំណុច​យ៉ាងសំខាន់​មួយ​នេះ​ចាំបាច់​ត្រូវមាន​មូលដ្ឋាន​នៃ​ការគិត​មួយចំនួន ដើម្បី​ជៀង​វាង​នូវ​ទម្លាប់​កុហក​ខ្លួនឯង​របស់​អ្នក។ ជា​ធម្មជាតិ​មនុស្ស​គ្រប់គ្នា​មាន​ទម្លាប់​ដោះសារ​តាំងពី​ខ្លួន​នៅ​ជា​កុមារ​ម្លេះ។ អ្នក​គ្រប់គ្នា​ប្រហែលជា​ធ្លាប់​គេចវេស​ពី​ការអាន​សៀវភៅ​ដោយ​ហេតុផល​មួយរយ​ជំពូក​ដើម្បី​ដោះសារ​ប្រាប់​ខ្លួនឯង​នូវ​រាល់​ពេលដែល​អ្នក​តាំងចិត្ត​ធ្វើ​វា ដូចជា​ការដែល​គិតថា​អាន​សៀវភៅ​នៅពេល​ព្រឹក​អ្នក​អាច​ដោះសារ​ដោយហេតុ​ផល​ថា​ព្រឹក​ពេក​ហើយ បើ​មើល​ទូរទស្សន៍​មួយសន្ទុះ​ក៏​មិនជា​បញ្ហា​ធំ​អី​ដែរ លុះដល់​មើល​ទូរទស្សន៍​ចប់ លោកអ្នក​ប្រហែលជា​គិតថា ដល់​ម៉ោង​បាយ​ហើយ ចាំ​ទទួលទាន​អាហារ​ពេល​ថ្ងៃត្រង់​ហើយ​ចាំ​អាន​ក៏បាន​ដែរ ហើយក៏​ត្រូវ​សម្រាក​រហូត​ល្ងាច​ជ្រុល និង​បន្ត​ដោះសារ​ប្រាប់​ខ្លួនឯង​រហូតដល់​ពេលព្រឹក​សារជាថ្មី។

ដើម្បី​កំណត់​ឲ្យ​បាន​នូវ​តម្រូវការ​សម្រាប់​ខ្លួនឯង លោកអ្នក​ត្រូវធ្វើ​តារាង​នៃ​តម្រូវការ​ប្រចាំថ្ងៃ។ តារាង​នៃ​តម្រូវការ​នេះ​អាចជួយ​លោកអ្នក​ឲ្យ​គ្រប់គ្រង​បាន​នូវ​ទម្លាប់​ដោះសារ​ដែល​ធ្លាប់មាន​តាំងពី​តូច​ដូចដែល​បាន​រៀបរាប់​ខាងលើ។ លោកអ្នក​អាច​នឹង យក​លេះ​ប្រាប់​ខ្លន​ឯង​ថា អ្វីដែល​ខ្ញុំ​ទិញ​នោះ​គឺជា​តម្រូវការ មិនមែន​គ្រាន់តែ​ចង់បាន​នោះទេ តែ​តាមពិត​ទោះបីជា​អ្នក​មិន​ទិញ​វា​ក៏​មិន​អ្នក​នៅតែ​ប្រកប​អាជីវកម្ម អនុវត្ត​ការងារ​បាន​ដូច​ធម្មតា តែ​ផ្ទុយទៅវិញ​បន្ទាប់ពី​អ្នកទិញ​វា​ហើយ អ្នក​បែរជា​ត្រូវ​ជួប​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ទៅវិញ។ ម្យ៉ាងវិញទៀត គុណសម្បត្តិ​នៃ​ការធ្វើ​តារាង​សម្រាប់​តម្រូវការ គឺអាច​ជួយ​អោយ​អ្នក​គិត​បាន​ល្អិតល្អន់​ពី​សម្ភារៈ​ដែល​លោកអ្នក​ត្រូវ​ទិញ​សម្រាប់​ផ្គត់ផ្គង់​ចំពោះ​សកម្មភាព​ការងារ​របស់​អ្នក ហើយ​អ្នក​ក៏​គ្មាន​ហេតុផល​ណា​ក្នុងការ​ដោះសារ​សម្រាប់​ខ្លួនឯង​ថែមទៀត​ផង។

ចំណុច​សំខាន់​មួយទៀត​គឺ ការដែល​ចេះ​ដាក់​សំណួរ​សួរ​ខ្លួនឯង​ថា “តើ​អ្នកនឹង​ទទួលបាន​ផលប្រយោជន៍​អ្វីខ្លះ​ពី​ការទិញ​សម្ភារៈ​ទាំងអស់នោះ?”។ ការ​សួរ​បែបនេះ​អាចធ្វើ​ឲ្យ​អ្នក​រកឃើញ​នូវ​ចំណុច​សំខាន់​ពិតប្រាកដ​របស់​នៃ​វត្ថុ​ដែល​អ្នក​បាន​ទិញ ហើយ​បើ​អ្នករក​មិនឃើញ​ថាវ​ត្ថុ​នោះ​គ្មាន​សារៈសំខាន់​ខ្លាំង ឬ​ជា​របស់​អាទិភាព​សម្រាប់​ជីវភាព​នោះទេ ប្រហែលជា​អ្នក​ក៏​លែង​សូវ​ចង់​ទិញ​របស់​នោះដែរ។ ចំណុច​ទាំងអស់នេះ​អាចធ្វើអោយ​អ្នក​ពិចារណា​បាន​យ៉ាង​ល្អិតល្អន់​នៅ​គ្រប់​ការចំណាយ​ក្នុង​ជីវិត​របស់​អ្នក។

២. ប្រើប្រាស់​ឡើងវិញ

ការគ្រប់គ្រង​លើ​សម្ភារៈ​ដែល​អ្នក​បាន​ប្រើប្រាស់​រួច​មាន​សារៈសំខាន់​ណាស់​ក្នុងការ​កាត់បន្ថយ​ចំណាយ​ដែល​ឥតប្រយោជន៍។ ការដែល​ប្រើប្រាស់​នូវ​សម្ភារៈ ឬ​របស់​ដែល​ប្រើប្រាស់​ម្តង​ហើយ​នោះ មិនមែនជា​រឿង​គម្រិះ ឬ​ម៉ៅ​ស្វិត​ដូចដែល​បុគ្គល​មួយចំនួន​បានគិត​នោះឡើយ តែ​ផ្ទូ​យ​ទៅវិញ​វា​បានបង្ហាញ​ពី​ភាព​ហ្មត់ចត់​របស់​អ្នក​ក្នុងការ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ទៅវិញ​ទេ។ អ្នក​សាក​គិត​ទៅ​មើលថា ប្រសិនបើ​អ្នក​គ្រាន់តែ​យក​ក្រដាស់​ដែល​អ្នក​ធ្លាប់បាន​ព្រី​ន​មួយ​ចំហៀង​ហើយ មក​កាត់​ធ្វើជា​សៀវភៅតូចៗសម្រាប់​កត់ចំណាំ​ពី​ការងារ​របស់​អ្នក​តើ​អ្នកនឹង​ចំណេញ​ប្រាក់​ប៉ុណ្ណា​ពី​ការទិញ​សៀវភៅ​ដែលមាន​តម្លៃ​ថ្លៃ​មក​សរសេរ​ហើយ​ហែក​ជា​បំណែកតូចៗសម្រាប់​ចំណាំ។ មាន​សម្ភារៈផ្សេងៗជាច្រើន​ទៀត​ដែល​អាច​ប្រើប្រាស់​បាន​ច្រើនដង ដូចជា​សម្ភារៈ​អេ​ឡិច​ត្រូ​និ​ចចាស់, សម្ភារៈ​ក្នុង​ផ្ទះបាយ ឬ​គ្រឿង​សង្ហា​រឹម​មួយចំនួន​ដែល​អាច​កែច្នៃ​សម្រាប់​ប្រើប្រាស់​ក្នុង​គោលបំណង​ផ្សេង​បាន បន្ទាប់ពី​វា​ខូច​មុខងារ​ដើម​របស់​វា។ អ្នក​នឹងមិន​ចំណេញ​ច្រើន​បំផុត​ពី​ការមិន​ទិញ​វត្ថុ​ដែល​អាច​ប្រើប្រាស់​បាន ហើយ​បង្វែ​ថវិការ​នោះ​ទៅ​ទិញ​សម្ភារៈ​ទាំងឡាយណា​ដែលជា​អាទិភាព​របស់​អ្នក។

៣. សិក្សា​ពី​តម្រូវការ​របស់ខ្លួន​ឯង​ឲ្យ​បានច្បាស់លាស់

មនុស្ស​ភាគច្រើន​តែងតែ​ផ្តោតអារម្មណ៍​សំខាន់​ទៅលើ​ចំណង់​ច្រើនជាង​តម្រូវការ។ ពួកគេ​ចំណាយ​លើ​ការទិញ​ទំនេញ​ដោយយោង​លើ​ហេតុផល​តែមួយគត់​គឺ “ពួកគេ​ចង់បាន​វា” ។ ការសិក្សា​ពី​តម្រូវការ​អោយបាន​ល្អិតល្អន់ ធ្វើ​ឲ្យ​អ្នកទទួលបាន​ផលចំណេញ​ច្រើន​បំផុត ពី​ការទិញ​ទំនេញ​ដែល​ហួស​តម្រូវការ ឬ​ទិញ​របស់​ដែល​ថ្លៃ​ខ្លាំង ហើយ​ប្រើ​មិន​អស់​លទ្ធភាព​របស់​វា។ អ្នក​អាច​គិត​ទៅ​មើលថា ប្រសិនបើ​អ្នក​ចង់​ទិញ​ឧបករណ៍​មួយ​ដែល​អាច​ថតរូប​បាន, មានកម្ម​វិធី​សម្រាប់​សរសេរ​ពី​កំណត់ហេតុ​ប្រចាំថ្ងៃ, អាច​ស្តាប់​ចម្រៀង​បាន ហើយ​អាច​ផ្ទុក​នូវ​រូបថត​ដែល​ពាក់ព័ន្ធ​នឹង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​បាន តើ​អ្នក​ចាំបាច់​ទេ​ដែល​ត្រូវ​ទិញ​ទូរស័ព្ទ​ដែល​ថ្លៃ​ដល់​ច្រើន​រយ​ដុល្លា​ដែលមាន​ល្បែង​កម្សាន្ត​ច្រើន មានកម្ម​វិធីទំនើបៗហួស​តម្រូវការ ហើយ​ធ្លាក់​ថ្លៃ​វិញ​យ៉ាង​ឆាប់រហ័ស​នោះ?។ តាមពិតទៅ​មាន​ជម្រើស​ជាច្រើន​សម្រាប់​ការទិញ​សម្ភារៈ​ទាំងអស់នោះ។ អ្នក​អាច​សួរនាំ ឬ​ស្រាវជ្រាវ​នៅក្នុង​អ៊ី​ន​ធើ​ណេ​ត (Internet) បាន​ពីមុខ​ងារសំខាន់ៗរបស់​វា មុននឹង​សម្រេចចិត្ត​ទិញ។ ពេលខ្លះ​អ្នក​អាច​នឹង​ពេញចិត្ត​ជាមួយនឹង​ទូរស័ព្ទដៃ​ដែលមាន​តម្លៃ​ត្រឹម​ជាង​មួយរយ​ដុល្លា តែមាន​មុខងារ​ច្រើន​សម្រាប់​បំពេញ​នូវ​តម្រូវការ​របស់​អ្នក ហើយ​ថែមទាំង​មានគុណ​ភាពល្អ​ថែម​ទៀតផង៕

Comments

comments

NO COMMENTS