អត្ថន័យមួយចំនួនជុំវិញពាក្យថា “ក្តីស្រឡាញ់”

អត្ថន័យមួយចំនួនជុំវិញពាក្យថា “ក្តីស្រឡាញ់”

613
0
SHARE

ភ្នំពេញ៖ ការស្រមៃគឺប្រៀបបាននឹងអ័ព្វដែលអណ្តែតត្រសែត ឡើងចុះ ជួនច្បាស់ ជួនមិនច្បាស់ ទៅតាមអារម្មណ៍និងមនោសញ្ចេតនា។ មនុស្សដែលមាន អារម្មណ៍ល្អ និងមិនល្អនៅលាយឡំ គ្នាក្នុងពេលតែមួយ មានចិត្តមិនស្ងប់និងមានអារម្មណ៍ដិតជាប់ក្នុងចិត្តរួចរលឹកឃើញច្បាស់ពី រូបភាពនៃអនុស្សាវរីយ៍ ហើយអារម្មណ៍ភ័យនិងអរនៅជាមួយគ្នានោះគឺជាអារម្មណ៍ស្នេហា។ស្នេហាពិតកើតចេញពីក្តីស្រមៃរួមគ្នាមួយនៃមនុស្សពីរនាក់ឬសេចក្តីស្រមៃយ៉ាងល្អបរិសុទ្ធនៃមនុស្សម្នាក់ដែលចង់សម្រេចរួមគ្នាជាមួយមនុស្សម្នាក់ទៀតអស់មួយជីវិត។

ស្នេហាមានឥទ្ធិពល ខ្លាំងណាស់សម្រាប់មនុស្ស។ស្នេហាអាចជម្រុញអោយមនុស្សខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់តែស្នេហាក៏អាចទាញមនុស្សអោយធ្លាក់ទៅក្នុងអន្លង់នៃភាពអន្តការនៃជីវិត។ពេលបុរសម្នាក់បានដាក់មនោសញ្ចេតនាជាប់ចិត្តស្រលាញ់ស្មោះទៅលើនារីណា ម្នាក់ហើយ បុរសនោះប្រាកដជាព្យាយាមគ្រប់មធ្យោបាយដើម្បីបង្ហាញអោយនារីបណ្តូលចិត្តរបស់គេបានឃើញពីវីរភាពឬឧត្តមភាពរបស់គេផ្ទាល់តាមរយៈការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ឬជំនះគ្រប់ការលំបាកដើម្បីទទួលបានលទ្ធផលអស្ចារ្យលើសគេ។ លើសពីនេះទៅទៀតឥទ្ធិពលនៃសេចក្តីស្រលាញ់ពិតជាអាចធ្វើអោយបុគ្គលនោះលះបង់នូវអ្វីគ្រប់យ៉ាងដើម្បីតែរក្សាអោយបាននូវចំណងមេត្រីដែលគេគិតថាជាអនុស្សាវរីយ៍យ៉ាងល្អផូរផង់នៃពួកគេទាំងពីរ។

ចំពោះសុភាពនារីវិញដោយសារតែធម្មជាតិបង្កើតអោយនាងមានភាពទន់ភ្លន់ហ្មត់ចត់ និងពោរពេញទៅដោយមនោសញ្ចេតនានាងតែងតែស្រលាញ់បុរសណាម្នាក់ស្មោះ ហើយមិនងាយនឹងអាចដកចិត្តវិញបានឡើយ។បើនាងដាក់ចិត្តថាស្រលាញ់លើបុរសណាម្នាក់ហើយ នាងតែងតែដិតដាមជាប់ទៅដោយក្តីស្រមៃហើយនឹងគិតពីគេស្ទើរគ្រប់ពេលវេលា។ ចិត្តរបស់នាងពេលខ្លះពុះកញ្ច្រោលខ្វល់ខ្វាយនៅមិនសុខ ប្រសិនបើនាងដឹងថាបុរសកំពូលចិត្តរបស់នាងមានបេសកកម្មឬចេញទៅណាឆ្ងាយនៅពេលយប់។ នាងចង់បំពេញចិត្តបុរសដែលនាងស្រលាញ់ ចង់ធ្វើអ្វីគ្រប់យ៉ាងដើម្បីអោយដៃគូររបស់ខ្លួនសប្បាយចិត្តតែនាងក៏មានគំនិតផ្ទាល់ខ្លួនក្នុងការបង្ហាញអោយឃើញពីភាពល្អប្រសើរនៃខ្លួនឯងដល់បុរសជាទីស្រលាញ់របស់នាងបានឃើញផងដែរ។ថ្វីត្បិតតែមហិចតានិងសេចក្តីក្លាហានរបស់នារីក្នុងការបង្ហាញទៅដៃគូរមានលក្ខណៈខ្សោយជាងបុរសក៏ដោយតែទំហំនៃការខ្វល់ខ្វាយ និងការហួងហែងអាចខ្លាំងជាងបុរស។នារីខ្លះព្យាយាមបង្កើនសមត្ថភាពរបស់ខ្លួនខាងផ្នែកបញ្ញាដើម្បីផ្គាប់ចិត្តដៃគូររបស់ខ្លួនខណៈដែលសុភាពនារីមួយចំនួនព្យាយាមបង្កើនភាពស្រស់ស្អាតនៃសម្រស់រាងកាយ។

WilliamSomerset Maugham បាននិយាយថា “ស្នេហាគឺប្រៀបដូចជាការរញ្ជួយដីដែលមិនអាចទាយទុកបាន”(Love is like an earthquake-unpredictable.)។សេចក្តីស្នេហាពិតជាល្អវិសិដ្ឋក្រៃពេកបើស្នេហានោះជាស្នេហាស្មោះតែស្នេហាក៏បំផ្លាញដល់ទឹកចិត្តនៃមនុស្សអោយសោះសូន្យមើលជីវិតលែងឃើញពន្លឺរស្មីអ្វីទាំងអស់។ ភាពងងឹតទាំងនេះកើតឡើងពីការលេងសើចឬអារម្មណ៍ក្លែងក្លាយនៃការដែលចង់សប្បាយនៃអារម្មណ៍មួយពេល។

ការដែលបុរសចង់លេងសើចជាមួយនឹងនារីណាម្នាក់មានលក្ខណៈខុសស្រលះពីបុរសដែលមានចិត្តស្មោះ។សកម្មភាពដែលគេបានបង្ហាញគឺមានលក្ខណៈល្អឥតខ្ចោះ វីរភាពនិងឧត្តមភាពដែលគេព្យាយាមបង្ហាញអោយនារីឃើញគឺសុទ្ធតែជាការសម្តែងនិងក្លែងក្លាយទាំងអស់។សកម្មភាពរបស់គេបានធ្វើអោយនារីដ៏គួរអោយអាណិតដែលគេកំពុងតែបោកប្រាស់នោះលង់អារម្មណ៍ឈ្លក់នឹងមនោសញ្ចេតនា ដកចិត្តមិនរួចរហូតហ៊ានលះបង់នូវអ្វីគ្រប់យ៉ាងអោយរូបគេ ហើយបន្ទាប់មកគេក៏បោះបង់នាងចោលយ៉ាងគួរអោយអាសូរ។ទង្វើទាំងនេះគឺជាការបំផ្លាញទាំងស្រុងទៅដល់ទឹកចិត្តនិងអារម្មណ៍ដ៏ល្អបរិសុទ្ធរបស់នារីនោះ ហើយវាក៏បង្កើតអោយមានអារម្មណ៍សងសឹកឬមានទម្លាប់បោកប្រាស់តគ្នា។ នេះជាគ្រោះថ្នាក់ធំមួយនៃទង្វើផិតក្បត់ឬទង្វើបោកប្រាស់ ដែលបុគ្គលម្នាក់ព្យាយាមយកភាពស្មោះមកបិទបាំងទង្វើ និងចេតនាអាក្រក់របស់ខ្លួន។

ប្រសិនបើទម្លាក់កំហុសទាំងអស់នេះទៅលើបុរសវាហាក់ដូចជាអយុត្តិធម៌ពេកសម្រាប់មនុស្សប្រុសស្មោះស្នេហ៍ដែលខំថែរចិត្តស្រលាញ់ និងការខិតខំប្រឹងប្រែងសម្រាប់នារីដែលគេប៉ងប្រាថ្នាយកធ្វើជាគូរអនាគត។ថ្វីត្បិតតែមនុស្សប្រុសខ្លះចូលចិត្តបោកប្រាស់តែមនុស្សប្រុសល្អក៏មានមិនតិចដែរនៅលើលោកយើងនេះ។ មនុស្សប្រុសក៏មានបេះដូង មនុស្សប្រុសក៏មានក្តីស្រមៃ មនុស្សប្រុសក៏មានចិត្តស្មោះហើយចិត្តស្មោះនៃមនុស្សប្រុសក៏មានឥទ្ធិពលមិនចាញ់ចិត្តស្មោះរបស់មនុស្សស្រីដែរ។បើស្រីក៏ចេះស្មោះ ប្រុសក៏ចេះស្មោះដូចគ្នាបែបនេះ តើមនុស្សស្រីចេះក្បត់ដែរឬទេខណៈដែលមនុស្សប្រុសចេះគេចកែរដោះដៃនោះ?

ចម្លើយឆ្លើយថាគ្មានអ្វីដែលថាមិនអាចកើតឡើងទេនៅលើលោកយើងនេះ។ មនុស្សប្រុសជានិច្ចកាលក៏ត្រូវឈឺចាប់មិនចាញ់នារីដែរនៅពេលដែលគេទទួលរងនូវអំពើក្បត់ពីនារីម្នាក់ដែលគេផ្តល់សេចក្តីទុកចិត្តទាំងស្រុង ហើយស្រលាញ់ស្មោះបំផុតរហូតហ៊ានលះបង់អ្វីគ្រប់យ៉ាងប្រគល់ជូន។គេខិតខំគ្រប់យ៉ាងដោយចិត្តពុះកញ្ជ្រោលរួមជាមួយនឹងការសន្សំនូវរូបភាពល្អៗក្នុងអារម្មណ៍ សម្រាប់ផ្តល់អោយទៅដៃគូរស្នេហារបស់គេ។គេខិតខំទាំងយប់ ប្រឹងប្រែងទាំងថ្ងៃ ដើម្បីសម្រេចគោលដៅ ស្វែងរកឧត្តមភាពនិងភាពអស្ចារ្យជូននារីជាទីស្រលាញ់របស់ខ្លួន។ អ្វីដែលកាន់តែអាក្រក់ទៅទៀតនោះគឺគេអាចនឹងធ្លាក់ទឹកចិត្តរហូតបាត់បង់អ្វីគ្រប់យ៉ាងប្រសិនបើគេដឹងថានារីសំណព្វចិត្តរបស់គេនោះក្បត់ផិតឬលេងសើចជាមួយគេ។ ការខំប្រឹងប្រែងទាំងប៉ុន្មាននឹងត្រូវសាបសូន្យ ជីវិតដែលធ្លាប់តែមានរស្មីប្រែជាខ្សោះអស់ន័យហើយបន្សល់ទុកតែភាពសោកសៅ និងការបាក់ទឹកចិត្ត។មានបុរសខ្លះថែមទាំងឈានដល់ការប្រព្រឹត្តអំពើល្ងង់ខ្លៅថែមទៀតផងព្រោះតែបញ្ហាស្នេហាឬអាចនិយាយបានថា ព្រោះតែការលេងសើចជាមួយស្នេហា។

ហេតុនេះប្រសិនបើគូរស្នេហ៍កម្លោះក្រមុំទាំងឡាយចង់អោយស្នេហាដែលអ្នកកំពុងជួបប្រទះក្លាយជាឱសថទិព្វដែលអាចនាំអ្នកអោយឈានដល់សុភមង្គពិតសម្រាប់ជីវិតនោះសូមអ្នកសម្រេចចិត្តបង្កើតក្តីស្រមៃមួយរួមគ្នាដើម្បីឈានទៅដល់ថ្ងៃអាពាហ៍ពិពាហ៍ហើយស្មោះត្រង់ចំពោះគ្នានឹងគ្នាកុំបីគេចកែ ឬគ្រាន់តែបង្កើតចំណងស្នេហាដើម្បីលេងសើចអោយសោះ ព្រោះវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់៕

Comments

comments

NO COMMENTS