របរ​លក់​ដូង​ក្រោម​កំដៅថ្ងៃ​បែកញើស​ក​ក្លាក់​តែ​ប្រាក់ចំណូល​មិន​ចាញ់​អ្នកធ្វើការ​អូ​ហ្វី​ស

របរ​លក់​ដូង​ក្រោម​កំដៅថ្ងៃ​បែកញើស​ក​ក្លាក់​តែ​ប្រាក់ចំណូល​មិន​ចាញ់​អ្នកធ្វើការ​អូ​ហ្វី​ស

1034
0
SHARE

ពាក្យ​មួយ​ឃ្លា​ដែល​គេ​ចំណាំ​និយាយ​លេង​ថា «អត់លុយ​បាន​តឺ​នុយ​យោង» គឺ​មិនសូវ​ខុស​ប៉ុន្មាន​ទេ​ព្រោះថា​កន្លែងធ្វើការ​ខ្លះ​តម្រូវ​ឲ្យ​បុគ្គលិក របស់ខ្លួន​ស្លៀកពាក់​ស្អាត តឺ​នុយ​ខោស​អាវ អ៊ុត​ឡើងភ្លឹងៗតែម្តង ប៉ុន្តែ​ជួនកាល​ប្រាក់ខែ​បានតែ១០០ដុល្លារ ឬ១៥០ដុល្លារ​ជាង​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​របរ​រុញ​រទេះ​លក់​ដូង​វិញ ទោះជា​ស្ថិតក្រោម​កំដៅថ្ងៃ​បែកញើស​កក្លាក់​ក៏ដោយចុះ ប៉ុន្តែ​ប្រាក់​ហូរ​ចូល​ហោប៉ៅ​រហូត មិន​ដូច​អ្នកមាន​ប្រាក់ខែ​ទំរាំ​ដល់ខែម្តងៗ រង់ចាំ​ស្ទើរ​ដាច់ខ្យល់ នោះទេ។

ស្ថិតក្រោម​កំដៅថ្ងៃ​រះ​ចេញពី​ទិសខាងកើត នាពេល​ព្រឹក នៅតាម​បណ្តោយ​ផ្លូវ​ជា​លេខ១ ក្នុង​សង្កាត់​ចាក់អង្រែលើ បុរស​អ្នកលក់​ដូង សយ ង៉ែត អាយុ៣៣ឆ្នាំ ដែល​បាន​ចាក​ចេញពី ស្រុកកំណើត​នៅក្នុង​ខេត្តតាកែវ មក​រស់នៅ​ប្រកប​របរ​លក់​ដូង​នៅក្នុង​ទីក្រុង​ភ្នំពេញ អស់​រយៈពេល​ជាង១០ឆ្នាំ​មកហើយ​នោះ បាន​រៀបរាប់ថា បន្ទាប់ពី​ខ្លួន​បាន​លក់​ដីស្រែ​ដើម្បី​ដោះដូរ​នឹង ជីវភាព​ប្រចាំថ្ងៃ ខ្លួន​មិនដឹងថា​ត្រូវធ្វើ​អ្វី​នោះទេ ណាមួយ​ធ្វើការ​រោងចក្រ​គេ​មិនសូវ​ត្រូវការប្រុសៗនោះទេ ហើយ​បើសិនជា​ធ្វើការ​រោងចក្រ​ទាំង​ប្តី​ទាំង​ប្រព​ន្ឋ​នោះ មិនមាន​អ្នកមើលកូនតូចៗនៅផ្ទះ​នោះទេ។ ដោយ​រង់ចាំ​ពិចារណារ​អស់​ជាច្រើន​ថ្ងៃ​មក ក៏​នឹក​ឃើញថា​មានតែ​របរ​លក់​ដូង​ទេ ដែល​អាចជួយ​សម្រាល​ចំណាយ​ក្នុង​បន្ទុកគ្រួសារ ហើយក៏​ចាប់ផ្តើម​ពិភាក្សា​ជាមួយ​ប្រព​ន្ឋ​នៅក្នុង​បន្ទប់​ផ្ទះជួល ស្អែក​ឡើង​ក៏​រៀបចំ​ប្រ​ម៉ែ​ប្រ​ម៉ូ​ល​លុយ​ទិញ​រ៉ឺម៉ក និង​ម៉ូតូ​គុប​មូល​មួយគ្រឿង គ្រាន់​បាន​ជិះ​អូស​រ៉ឺម៉ក​ទៅ​ទិញ​ដូង​លក់ ដើម្បី​រកប្រាក់​គួបផ្សំ​គ្នា​ជាមួយ​ប្រព​ន្ឋ​ធ្វើការ​រោងចក្រ។

IMG_6296

ដើម្បី​បាន​លក់​ផ្លែ​ធំ​ល្អ​ទឹក​ច្រើន​យកមក​លក់​ឆាប់​ដាច់​នោះ គឺ​បុរស​ម្នាក់នេះ ត្រូវ​ងើប​ពី​ម៉ោង៤ជាង​ទៀបភ្លឺ ដើម្បី​ទៅ​ទិញ​ផ្លែ​ដូង​ដែល​គេ​ដឹក​តាម​រថយន្ត​កូរ៉េ ពី​ខេត្តកំពត​ឬ​ខេត្តតាកែវ​យកមក​លក់​បន្ត​នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ពេល​រថយន្ត​មកម្តងៗ គាត់​ទិញ​សម្រាប់​លក់​ទៅវិញ ចំនួន៣ទៅ៤ថ្ងៃ ព្រោះថា​រថយន្ត​មិន​មកជា​រៀងរាល់ថ្ងៃ​ទេ បើ​មិន​ទិញ​ទុក​ច្រើន​ខ្លាច​ខ្វះ​ដូង​ឲ្យ​ម៉ូយ។ បុរស​នេះ​និយាយថា «ក្នុង​មួយថ្ងៃ​ខ្ញុំ​អាច​លក់​ដូង​បាន​ប្រមាណ​ពី១០ឡូ​ទៅ១៥ឡូ ហើយ​តម្លៃ​ដូង​ដែល​ទទួល​ទិញ គឺ​គេ​លក់​ឲ្យ​ក្នុង​មួយ​ឡូ១៥០០០រៀល និង​លក់​ទៅវិញ​តម្លៃ២០០០រៀល​សម្រាប់​ដូង​មួយ​ផ្លែ បើគិតៗក្នុង​មួយ​ឡូ​ចំណេញ​បាន​ពី៥០០០ទៅ៦០០០ពាន់​រៀល​ដែរ ចុះ​មួយថ្ងៃ​គាត់​លក់​ដូង​បាន​ចំនួន១០ឡូ មិន​ចំណេញ​បាន៥០០០០ទៅ៦០០០០រៀល ហើយ​ចុះ​បាន១៥ឡូ​តើ​គាត់​លក់បាន​តម្លៃ​ប៉ុន្មាន? មួយថ្ងៃ​រកប្រាក់​បាន​ពី៥ម៉ឺន​ទៅ៦ម៉ឺន រហូតដល់​ថ្ងៃ ខ្លះ​លក់​អស់​ចំណេញ​បាន​ពី៧ម៉ឺន​ទៅ៩ម៉ឺន វា​យ៉ាងម៉េច​ដែរ ចុះបើ​ប្រាក់ខែ​កម្មករ​រោងចក្រ ប្រាក់បៀវត្ស​ធ្វើការ​រដ្ឋ ធ្វើការ​តាម​ក្រុមហ៊ុន​ឯកជនតូចៗ ទទួល​បានតែ​ជាង៤០ម៉ឺន​រៀល​ទៅ ៦០ម៉ឺន​រៀល​ប៉ុណ្ណឹង តើ​ធ្វើ​ម្តេច​ទៅនឹង​អាច​បៀ​ប​ធៀប​បាន​នោះ។ ហើយ​បើ​ប្រៀបធៀប​ម៉ោង​ធ្វើការ​នៅក្នុង​ការិយាល័យ​វិញ គឺ​មិនតិចជាង៨ម៉ោង​ឡើយ​ក្នុង​មួយថ្ងៃ គឺ​ព្រឹក៤ម៉ោង​ល្ងាច៤ម៉ោង ចំណែក​របរ​លក់​ដូង​វិញ​ពេលព្រឹក​មិនសូវ​រវល់​តែ ទុកពេល​មើល​កូន​នាំ​កូន​ទៅ​រៀន បាន​យ៉ាង​ស្រួល ពេល​កូន​មកវិញ​រៀបចំ​បាយទឹក​ឲ្យ​កូន​ហើយ គឺ​ត្រូវ​ទុក​កូន​បង​ឲ្យ​ជួយ​មើល កូន​ប្អូន​ចាប់ផ្តើម​ចេញ​ដើរ​លក់ បោះ​ទៅ​ឲ្យ​ម៉ូយ​បន្ត​តាម​ផ្ទះ ឬ​លក់​អូស​រទេះ​លក់​ពី​ផ្ទះមួយ​ទៅ ផ្ទះមួយ ដាក់​ឲ្យ​ម៉ូយ​បណ្តើរ​លក់រាយ​បណ្តើរ ទោះជា​ហត់នឿយ​បន្តិច​ក្តី​ក៏ប៉ុន្តែ ទុកជា​ការហាត់​ប្រាណ​និង​រក​ប្រាក់ចំណូល​ប្រចាំថ្ងៃ​បាន​ស្រួលខ្លះៗដែរ»

និយាយ​ខាងលើ​ទាំង​ប៉ុន្មាន​ហាក់ដូចជា​អួត ប៉ុន្តែ​វា​ជាការ​ពិត ហើយ​បើ​ការពិត​អីចឹង​អ្នក​គ្រប់ គ្នា​គេ​លែង​ធ្វើការ​ទៅ​លក់​ដូង​អស់​ទៅហើយ​ឬ? ឬក៏​អ្នកលក់​ដូង​ក្លាយជា​អ្នកមាន​ជីវភាព​ធូរធារ អស់ហើយ​ដែរ? ប៉ុន្តែ​វា​អាស្រ័យទៅលើ​ការ​សន្សំ​ប្រាក់​ផ្ទាល់ខ្លួន​របស់​មនុស្សម្នាក់ៗតែប៉ុណ្ណោះ បើ​យើង​ទុក​មួយថ្ងៃ​តែ៣ម៉ឺន​ទៅ៤ម៉ឺន​រៀល ដាក់​ទៅក្នុង​កូន​ជ្រួក​ជា​រៀងរាល់​ថ្ងៃនោះ មួយឆ្នាំៗ វា​ក៏​សល់​មិនតិច​ដែរ តែបើ​ថ្ងៃនេះ​រកបាន៥ម៉ឺន​ចាយ​ទៅវិញ៥ម៉ឺន ទោះជា​រកចំណូលបាន​ច្រើន យ៉ាងណា​ក៏​មិន​សល់​ដែរ ហើយ​អ្នកខ្លះ​រកបាន៥ម៉ឺន​ចាយ​ដល់៦ម៉ឺន នោះគេ​ហៅថា​ជំពាក់ រដ្ឋ​ហើយ។

IMG_6325

កាប់​ដូង​បណ្តើរ​និយាយ​បណ្តើរ​បុរស​ឈ្មោះ ឡេង វិចិត្រ ជា​អ្នកលក់​ដូង​នៅក្បែរ​វត្ត​មហាមន្ត្រី ចំ​កណ្តាល​រាជធានី​ភ្នំពេញ​វិញ​បាន​បង្ហើប​ថា «តម្លៃ​ដូង​ដែល​ទិញ​ពី​ម៉ូយ​ដុំ ១ឡូ​ថ្លៃ​តែ​ប្រមាណ ១៣០០រៀល​ប៉ុណ្ណោះ ហើយ​ក្នុង​មួយថ្ងៃ​ខ្លួន​លក់​អស់ពី១៥ឡូ​ទៅដល់២០ឡូ មិនដែល​នៅសល់​ទេ​ហើយ​ក្នុង​មួយ​ផ្លែ អាច​លក់បាន​ថ្លៃ​ជាង​នៅក្នុង​ទីក្រុង​ភ្នំពេញ គឺ​តម្លៃ​ពី២០០០រៀល ទៅ២៥០០រៀល ហើយ​បើ​លក់​បានតែ​ពាក់កណ្តាល​គឺ​រួច​ថ្លៃដើម​ហើយ នៅសល់​ពាក់កណ្តាល គឺជា​លុយ​ចំណេញ និយាយ​ទៅ​លក់​ដូង​វា​នឿយ​កម្លាំង​បន្តិច ប៉ុន្តែ​ប្រាក់ចំណេញ​វិញ​វា​គួរសម​ដែរ» រឿង​លក់​ដូង​វា​មិន​លំបាក​រក​ដើមទុន​ច្រើ​នោះទេ ទិញ​រ៉ឺម៉ក​អស់​ប្រមាណ​តែ៤០ម៉ឺន រក​ដើម២០ម៉ឺន ថ្ងៃ​នឹង​ចេញទៅ​ទិញ​លក់​ល្ងាច​ឡើង​ឃើញ​លុយ​ចំណេញ​ភ្លាម ប៉ុន្តែ​សម្រាប់ របរ​លក់​ដូង​នេះ​ត្រូវ​ងើប​ពី​ព្រលឹម ជួនកាល​ម៉ោង១២យប់ ជួនកាល​ម៉ោង៣ទៀបភ្លឺ​ទើប​ម៉ូយ មកដល់​ទិញយក​មក​ទុក​ទម្រាំ ព្រឹក​ថ្ងៃស្អែក​ទើប​ចេញ​ដើរទៅ​លក់ ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ។ លក់​ដូង​ពេលព្រឹក​វា​មិនសូវ​ដាច់​ទេ តែបើ​ពេល​ថ្ងៃ​មេឃ​ក្តៅ​វិញ គឺ​ទិញ​បន្ត​គ្នា​ជួនកាល​ឈរ​ចាំ រកតែ​កាប់​ឲ្យ​គេ​សឹង​មិនទាន់។

កំលោះ សុខ ពិសិដ្ឋ ដែលជា​អ្នក​ដឹក​ដូងក្រអូប​លក់​មកពី​ខេត្តតាកែវ បាន​ឲ្យ​ដឹង​ដែរ​ថា​នៅឯ ចំណារ​តម្លៃ​ដូង​គេ​លក់​ឲ្យ​តម្លៃ២០០០រៀល ហើយ​ដល់ពេល​យកមក​បោះ​ឲ្យ​ម៉ូយ ម៉ួ​យ​ឡូ តម្លៃ២៥០០០រៀល និយាយ​ឲ្យ​ខ្លី​មួយ​ផ្លែ​ចំណេញ៥០០រៀល​ក៏​វា​ច្រើន​ដែរ ព្រោះ​មួយ​រថយន្ត អាចដាក់​បាន​ពី៧០ទៅ១០០ឡូ​ក៏មាន។ ហើយ​សម្រាប់​ម៉ូយ​នៅក្នុង​ទីក្រុង​ភ្នំពេញ គេ​លក់​ចេញ ក្នុង១ផ្លែ​តម្លៃ៣៥០០រៀល ឬ៤០០០រៀល ទៅតាម​កន្លែងនីមួយ។

IMG_6329

ងាក​មើ​មើល​ម៉ូយ​ដុំ​ដឹក​ដូង​មកពី​ខេត្តកំពត​វិញ គឺ​ពួកគាត់​ក៏មាន​ភាព​កាក់កប​ណាស់ដែរ ក្នុង​មួយ​ឡាន​កូរ៉េ​អាច​ដឹក​ដូង​បាន​ដល់​ទៅ ១០០ឡូ​ឬ​លើសពីនេះ ហើយ​ដូង​ដែល​ទិញ​ពី​ដើម មក​ក្នុង​មួយ​ផ្លែ​តម្លៃ​តែ៥០០រៀល​ទេ ប៉ុន្តែ​សម្រាប់​ម្ចាស់​ដូង​គេ​ចាំតែ​រាប់​លុយ​ប៉ុណ្ណោះ យើង​ជា អ្នកដើរ​ទិញ​គឺ​ត្រូវ​ជួល​កម្មករ​អ្នក​ឡើង​បេះ​ផ្លែ ជួល​កម្មករ​ដឹក​ជ​ញ្ចូ​ន​លើកដាក់​លើ​ឡាន ហើយ ត្រូវ​ចំណាយ​ថ្លៃ​សាំង​ឡាន ចំណាយ​ទៅលើ​ប៉ូលីស​កាក់​តាមផ្លូវ​ជាច្រើន​កន្លែង អីចឹង​ទៅ​ទាំ​រាំ​តែ​ដល់ទី​ក្រុងភ្នំពេញ មួយ​ផ្លែ​យ៉ាង​ផាត់​ទៅវិញ​ហោចណាស់ ក៏ត្រូវ​ចំណាយ​ប្រាក់​អស់៥០០រៀល​ឬ​លើសពីនេះ​ទៀតផង​ដែរ ទាំ​រាំ​តែ​ចំណេញ៤ទៅ៥ថ្ងៃ ទើប​ប្រមូល​ទិញ​ដូង​ឡើងមក​មួយ ជើង​ក៏​មិនសូវ​ជា​រកបាន​ប៉ុន្មាន​ដែរ និយាយ​ឲ្យ​ខ្លី​ទៅ​លក់​ដូង​មិន​ខុសពី​របរ​រកស៊ី​ដទៃទៀត ថា​អាច​រកប្រាក់​បាន​គួរសម​ក៏​ថា ថា​បាន​គ្រាន់តែ​ចាយ​ប្រចាំថ្ងៃ​មិនសូវ​ដាច់​ក៏​ថា​បាន វា​ខុសពី អ្នកធ្វើការ​ប្រាក់ខែ ១៥០ដុល្លារ​ឬ២០០ដុល្លារ ទំរាំ​ដាច់​ខែ​គឺ​ដាច់ខ្យល់​ហើយ៕

Comments

comments

NO COMMENTS