ហេតុអ្វី​បានជា​ចិន រឹតបន្ដឹង​ទៅលើ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​?

ហេតុអ្វី​បានជា​ចិន រឹតបន្ដឹង​ទៅលើ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​?

512
0
SHARE

​ចិន​៖ ដូច​ដែល​អ្នក​ប្រើប្រាស់​បាន​ដឹង​រួចមកហើយ​ថា ប្រទេស​ចិន បាន​រឹង​បន្ដឹង​ទៅ​លើ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណេត ព្រោះ​វា​ជា​គ្រោះថ្នាក់​ផ្ទៃក្នុង​មួយ​ដែល​អាច​នាំ​ឲ្យ​ចិន​ឆ្ពោះទៅរក​ភាពបរាជ័យ និង​អាច​ធ្វើ​ឲ្យ​បក្ស​កុម្មុយនិស្ដ​ចិន​រលំរលាយ​បាន​។​

​បក្សកុម្មុយនិស្ដ​ចិន​បាន​យល់ឃើញថា បើសិនជា​មិន​ទប់ស្កាត់​ការប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​នោះទេ នោះ​នឹង​អាច​កើតមាន​មហា​បាតុកម្ម​ជាយថាហេតុ ឬ​អាច​ក្លាយ​ជា​ការ​ប៉ះ​បោរ​ប្រឆាំងនឹង​ថ្នាក់ដឹកនាំ ដូច​នៅ​ពិភព​អារ៉ាប​នា​ដើមឆ្នាំ​២០១១ បើសិនជា​រដ្ឋ​អំណាច​ក្ដោប​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​មិន​បាន​ជាប់​ល្អ​។​

​នៅ​ឆ្នាំ​២០១០ ក្រសួង​សន្ដិសុខ​សាធារណៈ​ចិន បាន​អះអាង​ថា ការអភិវឌ្ឍន៍​លឿន​រហ័ស​នៃ​អ៊ី​ន​ធើ​ណែ​ត កំពុង​បង្ក​ឡើង​នូវ​ហានិភ័យ​មួយ​ធ្ងន់ធ្ងរ​សម្រាប់ «​ការរក្សា​ស្ថិរភាព​» នៅក្នុង​ប្រទេស​។ ក្រសួង​មួយ​នេះ ក៏​បាន​បន្ថែមទៀតថា ការបង្កើតឡើង​នូវ «​ប្រព័ន្ធ​សន្ដិសុខ​ដ៏​ធំ​មួយ​សម្រាប់​ត្រួតពិនិត្យ​អ៊ី​ន​ធើ​ណែ​ត​» គឺជា​ការចាំបាច់​បំផុត​។​

​នៅក្នុង​ន័យ​នេះ អាជ្ញាធរ​ចិន​មិន​អាន​អែអង់​ឡើយ បានប្រកាស​បង្រឹង​ការត្រួតពិនិត្យ​ទៅលើ​អ៊ីន​ធើ​ណែត កាលពី​ខែ​តុលា​ឆ្នាំ​២០១១ កន្លងទៅនេះ​។ តាមរយៈ​សេចក្ដីថ្លែងការណ៍​មួយ ទីក្រុង​ប៉េកាំង​បាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា ពី​អំណេះត​ទៅ​បណ្ដាញ​សង្គម និង​សារ​ទាក់ទង​គ្នា​នៅក្នុង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត សុទ្ធតែ​ស្ថិតនៅក្រោម​ការ​ឃ្លាំមើល​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​អាជ្ញាធរ​។​

Micro-blogs នេះ​ហើយ​គឺជា​ផ្ទាំង​ស៊ី​ប​សំខាន់​ជាង​គេ​របស់​រដ្ឋាភិបាល​ចិន ពីព្រោះ​ស្រដៀង​គ្នា​ទៅ​នឹង Twitter micro-blogs ទាំងនេះ​បាន​នឹង​កំពុង​បន្ដ​ក្លាយជា​វេទិកា​មួយ​ប្រប​ក​ទៅដោយ​គ្រោះថ្នាក់​សម្រាប់​ទីក្រុង​ប៉េកាំង​។ តាំងពី​មាន​ចលនា​បដិវត្តន៍​នៅ​ពិភព​អារ៉ាប់ និង​តាំងពី​មាន​គ្រោះថ្នាក់​ភ្លូក​រថភ្លើង​ល្បឿន​លឿន​បំផុត​នៅ​ប្រទេស​ចិន​កាលពី​ខែកក្កដា​ឆ្នាំ​២០១១​មក សារ​រាប់​លាន​សន្លឹក​ដែល​រិះគន់​រដ្ឋាភិបាល​ត្រូវ​បាន​បង្ហោះ​តាម micro-blogs​។​

​អ្វី​ដែល​អាជ្ញាធរ​ចិន​ចង់​ទប់ស្កាត់ គឺ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត ដើម្បី​ផ្ដួចផ្ដើម​គំនិត កេណ្ឌ​គ្នីគ្នា​ងើប​ប៉ះ​បោរ​ដូច​នៅ​ទុយ​នេ​ស៊ី និង​នៅអេ​ហ្ស៊ី​ប​។ អ្វី​ដែល​អាជ្ញាធរ​ចិន​ចង់​ឃ្លាំ​មើល​គឺ​ខ្លឹមសារ​នៃ​សារ​អេឡិចត្រូនិក ដ្បិត​ក្នុង​គ្រា​បច្ចុប្បន្ន​អ្នកប្រើប្រាស់ micro-blogs ដែល​មាន​ចំនួន​រហូត​ជិត ២០០​លាន​នាក់ ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម ព័ត៌មាន​មិន​ពិត និង​សារ​ឃោសនា ក្នុង​គោលដៅ​និយាយ​សម្អុយ​ថ្នាក់ដឹកនាំ ឬ​បង្កចលាចល​ក្នុងសង្គម​។ នៅក្នុង​ន័យ​នេះ កន្លង​ទៅ​ថ្មីៗ​នេះ នគរបាល​ចិន​បាន​ចាប់ខ្លួន​អ្នកប្រើប្រាស់ micro-blogs ជាច្រើន​នាក់ និង​បាន​បិទ​គណនី​ជាច្រើន ក្នុងនោះ​រួមមាន​ជា​អាទ៌​និស្សិត​ម្នាក់​នៅក្នុង​ខេត្ត Yunna ដែល​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត ស្ដី​ពី​ឃាតកម្ម​មួយ​ដែល​ខ្លួន​បាន​ប្រឌិត​ឡើង​ទាំងស្រុង​។​

​ទន្ទឹង​នេះ នៅ​ថ្ងៃ​ទី​២៦ ខែតុលា​ឆ្នាំ​២០១១ អាជ្ញាធរ​ជាតិ​គ្រប់គ្រង​វិទ្យុ ទូរទស្សន៍ និង​ភាពយន្ត បាន​ចេញផ្សាយ​សេចក្ដីណែនាំ​មួយ បញ្ជា​ឲ្យ​ទូរទស្សន៍​ទាំង​អស់ ដែល​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ផ្ដាយរណប កាត់បន្ថយ​កម្មវិធី reality TV និង​កម្មវិធី​កម្សាន្ត​ណា​ដែល​ប៉ះពាល់​ដល់​ប្រពៃណី និង​ធ្វើឲ្យ​ខូច «​តម្លៃ​ជា​សារវន្ត​នៃ​មនោគមវិជ្ជា​សង្គមនិយម​»​។ អាជ្ញាធរ​ចិន​ចង់​ឲ្យ​ទូរទស្សន៍ ជួយ​លើក​តម្លើង​កម្រិត​សីលធម៌​របស់​ប្រជាពលរដ្ឋ «​កុំឲ្យ​ឃើញ​តែ​លុយ និង​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ពេក​»​។ បទបញ្ជា​នេះ មិនមែន​ធ្លាក់​មក​ដោយ​ចៃដន្យ​នោះ​ទេ ពី​ព្រោះ​កន្លង​ទៅ​ថ្មីៗ​នេះ សង្គម​ចិន​ទាំងមូល​មាន​ការតក់​ស្លុត​ខ្លាំង​នៅ​ចំពោះមុខ​រូបភាព​វីដេអូ​មួយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​បន្ត​គ្នា​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​។ គឺជា​រូបភាព​នៃ​ក្មេងស្រី​ម្នាក់​ដែល​ត្រូវ​បាន​រថយន្ត​បុក​ដួល និង​កិន​ពីលើ​។ រថយន្ត​បាន​បរ​ទៅ​បាត់ រីឯ​មនុស្សម្នា​វិញ​បាន​ដើរ​ធ្វើ​ព្រងើយ មិនបាន​ចាប់អារម្មណ៍​សោះឡើយ​ទៅលើ​ក្មេងស្រី​នោះ ដែល​នៅ​ដេក​ច្រងាង​កណ្ដាលផ្លូវ​។​

​ទាំងនេះ​គឺជា​ចំណុច​មួយ​ដែល​យើង​បានដឹង និង​បាន​ដកស្រង់​ចេញពី​កំណត់ត្រា​ផ្សេងៗ ប៉ុន្តែ​វា​គឺជា​ការពិត និង​ជាក់ស្ដែង​ដែល​មិន​អាច​ប្រកែក​បាន សម្រាប់​សង្គម​ចិន​នាពេល​បច្ចុប្បន្ន​៕​

Comments

comments

NO COMMENTS