អំណាចជាអ្វីបានជាមនុស្សគ្រប់គ្នាសុខចិត្តសម្លាប់គ្នាដើម្បីរក្សាវា?

អំណាចជាអ្វីបានជាមនុស្សគ្រប់គ្នាសុខចិត្តសម្លាប់គ្នាដើម្បីរក្សាវា?

855
0
SHARE

ភ្នំពេញ៖ អំណាច ជាពាក្យដែលប្រជាពលរដ្ឋកម្ពុជាភាគច្រើនបានលឺច្រើនបំផុតនៅពេលជិតបោះឆ្នោត ឬនៅពេលមានព្រឹត្តិការណ៍សង្គមធំៗ។ វាជាប្រធានបទក្តៅបំផុតដែលអ្នកដឹកនាំ ឬអ្នកនយោបាយ​តែងតែប្រមូលផ្តុំគ្នាគិតគូររិះរកគ្រប់វិធីដើម្បីបែងចែកអំណាចឲ្យបានម្នាក់បន្តិចៗគ្រាន់ប្រើតាមលទ្ធភាពរបស់ខ្លួន។ មានអ្នកខ្លះប្រើអំណាចសង្គមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយអ្នកខ្លះទៀតប្រើអំណាចដើម្បីសង្គមជាតិ ហើយខ្លះទៀតប្រើដើម្បីទាំងផលប្រយោជន៍ផ្ទាល់ខ្លួន និងសង្គម។

តាមវចនានុក្រមខ្មែរ ដែលគ្រប់គ្នាតែងហៅថាវចនានុក្រមសម្តេច ជួន ណាត បានកំណត់ថា អំណាចគឺជាសេចក្តីអាច ដំណើរអង់អាច សេចក្តីក្លាហាន ដំណោះរអាចធ្វើអ្វីៗបានតាមចិត្ត ឬតាមលំអានច្បាប់។ ក្នុងនោះបុព្វបរសខ្មែរយើងក៏បានបញ្ជាក់ផងដែរថា អំណាចអាចកើតឡើងដោយសារកម្លាំង ដោយសារគុណបុណ្យ ដោយសារចិត្ត ឬអំពើជាដើម។

តាមលោក Gorge Washington ប្រធានាធិបតី​ទី១របស់សហរដ្ឋអាមេរិកបាននិយាយថា អំណាចគឺជាអាហារឆ្ងាញ់របស់អ្នកដឹកនាំ និងអ្នកនយោបាយ។

ចំណែកឯអ្នកវិភាគកម្ពុជាមួយចំនួនបានឲ្យតម្លៃសំខាន់ទៅលើអំណាចថា ជាឥទ្ធិពលអរូបីដែលមានទាំងអំណាចសកម្ម ឬអំណាចវិជ្ជមាន និងអំណាចអសកម្ម ឬអំណាចអវិជ្ជមាន។ សម្រាប់នយោបាយ អំណាចវិជ្ជមាន គឺជាអំណាចដែលកើតចេញពីទទួលបានដោយស្របទៅនឹងច្បាប់ ឬលំអាននៃគោលការណ៍គតិយុត្តិដែលបានចែងទុកក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស ហើយអំណាចប្រភេទនេះបើធ្លាក់លើមនុស្សដែលមានមនសិការសង្គមខ្ពស់នឹងធ្វើឲ្យសង្គមទទួលបានភាពរីកចម្រើន។ ផ្ទុយមកវិញ អំណាចអវិជ្ជមានគឺជាអំណាចដែលអ្នកដឹកនាំណាម្នាក់ ឬក្រុមណាមួយទទួលបានដោយអំពើអយុត្តិធម៌ ការប្រើកម្លាំងបាយ ឬអំពើលាក់បាំងអក្រក់ណាមួយក្នុងការបង្ក្រាបបុគ្គលដទៃកុំឲ្យខ្លាំងជាមួយខ្លួន អំណាចប្រភេទនេះភាគច្រើន​តែងតែធ្វើឲ្យសង្គមជាតិធ្លាក់ក្នុងក្តីអន្តរាយ។

ជារួមអំណាចជាអាវុធមុខពីរ ដែលអាចទាំងជួយសង្គមឲ្យរីកចម្រើន តែក៏អាចបំពុលសង្គមឲ្យជួបក្តីមហន្តរាយ។ ហេតុនេះបុគ្គលគ្រប់រូបដែលមានបំណងចង់ក្លាយជាអ្នកដឹកនាំមេត្តាប្រយ័ត្នឲ្យបានខ្ពស់បំផុត​ក្នុងការទទួលយកអំណាចដែលផ្តល់ឲ្យដោយមិនសមហេតុផល ឬកុំស្រឡាញ់អំណាចជ្រុលហើយភ្លេចគិតពីសង្គម ប្រយ័ត្នត្រូវអង្គុយលើកៅអីខ្ពស់មួយតែគ្មានសិទ្ធចុះ៕

Comments

comments

NO COMMENTS