មួង ឡៃ​ស៊ីម អ្នក​បញ្ចូល​សម្លេង​ឆ្នាស់​តួអង្គ​ស្រី

មួង ឡៃ​ស៊ីម អ្នក​បញ្ចូល​សម្លេង​ឆ្នាស់​តួអង្គ​ស្រី

620
0
SHARE

ភ្នំពេញ៖ នៅក្នុង​ខ្សែរ​ភាពយន្ត​មួយ​មិន​ថា​ភាពយន្ត​ខ្មែរ ថៃ ចិន កូរ៉េ សឹ​ង្ហ​បូរី ឥណ្ឌូនេស៊ី​ឬ​ឥណ្ឌា​នោះ ទេ​អ្នក​និ​ព​ន្ឋ​តែង​រៀបចំ​ឲ្យ​មាន​តួឯក និង​តួ​អង្គរង​នៅ​ជាមួយគ្នា ហើយ​តួរង​ភាគច្រើន​គឺជា​តួ​កាច​ឆ្នាស់។ ចំណែក​ការបញ្ចូល​សម្លេង​វិញ ក៏​គេ​តម្រូវ​ឲ្យ​មាន​អ្នក​បញ្ចូលផ្សេងៗគ្នា​ដូច្នេះ​ដែរ តួយ៉ាង​ដូចជា​អ្នកស្រី មួង ឡៃ​ស៊ីម អ្នក​បញ្ចូល​សម្លេង​នៅ​ទូរ​ទស្ស​ន៏​ស៊ី​ធី​អិន(CTN)  តាមពិតទៅ​អ្នកស្រី​មាន​ចិ​រិត​ស្លូតបូត​រួសរាយ​រាក់ទាក់ ប៉ុន្តែ​បើ​និយាយ​ពី​ការបញ្ចូល​សម្លេង​វិញ គឺជា​តួ​ឆ្នាស់ឆ្នើម ដោយសារ​មាន​ទេ​ព្យ​កោសល្យ​និង​ទឹកដម​សម្លេង​លើកដាក់​ពី​កំណើត​ផង នៅពេល​បញ្ចូល​សម្លេង​តួ​ឆ្នាស់ម្តងៗ បានធ្វើ​ឲ្យ​ទស្សនិកជន​មាន​អារ​ម្ម​ណ៏​ខឹង​ស្ទើរ​ទ្រាំ​មិនបាន។

អ្នកស្រី មួង ឡៃ​ស៊ីម បច្ចុប្បន្ន​ជា​អ្នក​បញ្ចូល​សម្លេង​អាជីព​ប្រចាំ​នៅ​ទូរ​ទស្ស​ន៏​ស៊ី​ធី​អិន ហើយក៏ ជា​អ្នក​បញ្ចូល​សម្លេង​ស្ព​ត​ពាណិជ្ជកម្ម ឲ្យ​ក្រុមហ៊ុនផ្សេងៗ បញ្ចូល​សម្លេង​បាន​ទាំងអស់ មិន​ថា វិទ្យុ ទូរ​ទស្ស​ន៏ រឿង​ភាគ​កុន​ខ្មែរ កូរ៉េ ថៃ ចិន​នោះទេ បើ​និយាយ​ពី​ស្ព​ត​ពាណិជ្ជកម្ម​វិញ ស្ទើរ​វា​ដាច់​គេ​ផង​នៅ​ស្រុក​ខ្មែរ​ទៀតផង។

IMG_4125

នៅក្នុង​បន្ទប់​ស្ទ៊ី​ឌី​យ៉ូ​បញ្ចូល​សម្លេង ឆ្លៀតពេល​សម្រាក​ពី​ការងារ អ្នកស្រី មួង ឡៃ​ស៊ី បានផ្តល់ បទ​សម្ភាស​ន៏​ក្នុង​ទឹកមុខ​ញញឹម​ថា តាមពិតទៅ​អ្នកស្រី​មិនមាន​ចរិត​កាច ឆ្នាស់ឆ្នើម​ពី​កំណើត អី​នោះទេ ប៉ុន្តែ​ដោយសារ​ទឹកដម​សម្លេង ដែល​គេ​និយាយ​ភាសា​សាមញ្ញ​ថា​ស៊ី​ទៅនឹង​តួអង្គ​កាច​ក្នុង​រឿង ហើយ​ការលើកដាក់​សម្លេង​សម​ទៅនឹង​កាយវិការ​ក្រ​ម៉ាច់​ក្រមើម ឆ្នាស់ឆ្នើម​របស់​តួអង្គ​នៅក្នុង​រឿង​នោះ ទើប​អ្នកស្រី​បាន​កា្ល​យ​ជា​អ្នក​បញ្ចូល​សម្លេង​អាជីព ជា​តួអង្គ​កាច រហូតមកទល់​បច្ចុប្បន្ន។

និយាយ​ដល់​អាជីព​ជា​អ្នក​បញ្ចូល​សម្លេង មិនសូវ​សំបូរ​ទេ​នៅ​ស្រុក​ខ្មែរ ដោយហេតុថា អាជីព​នេះ​ខុសពី​អាជីព​ដ៏​ទៃ ដែល​គេ​រៀន​នៅតាម​សាលា​ឬ​សាកលវិទ្យាល័យ​នានា។ ប៉ុន្តែ​អាជីព​អ្នក​បញ្ចូល​នៅ​មិនទាន់មាន​សាលា  ក៏​ព្រោះថា​ទាំង​គ្រូបង្រៀន​ទាំង​សិស្ស បើ​មិនមាន​និស្ស័យ​ឬ​មិនមាន​ដុង​ពី​កំណើត​ទេនោះ នោះ​ការសិក្សា ការងារ​អាជីព​ពិបាក​នឹង​ឈានទៅរក​ភាពជោគជ័យ​ខ្លាំងណាស់។

ងាក​មក​អ្នកស្រី មូង ឡៃ​ស៊ីម​វិញ បាន​ចាប់​អាជីព​នេះ​តាំងពី​ឆ្នាំ១៩៩៣មក ពោល​ចាប់ពី​អ្នក ស្រី​បាន​ចាក​ចេញពី​ស្រុកកំណើត នៅក្នុង​សម័យ​បោះឆ្នោត​អ៊ុនតាក់ មក​រស់នៅ​ជាមួយ​បង ប្រុស​ជីដូនមួយ ជា​លើកដំបូង​នៅ​ក្រុងភ្នំពេញ។ ពេលមកដល់​ភ្នំពេញ​ដោយសារ​ខ្លួន គ្មាន​ចំណេះ​រៀន​មិនបាន​ខ្ពស់​ផង​នោះ អ្នកស្រី​ក៏បាន​សម្រេចចិត្ត រៀន​បញ្ចូល​សម្លេង​នេះ​តែ ម្តង​ទៅតាម​ការបង្ហាត់បង្ហាញ​បងប្រុស «តាមពិតទៅ​ដំបូង​ឡើយ​ខ្ញុំ​មានបំណង​ក្លាយជា​តួ​សម្តែង​ល្ខោន​ទេ មិន​ចង់​ក្លាយជា​អ្នក​បញ្ចូល​សម្លេង​ទេ ប៉ុន្តែ​ដោយសារ​បងប្រុស​ប្រាប់ថា​អាជីព​បញ្ចូល​សម្លេង​ងាយ​រកលុយ​ជាង​តួ​សម្តែង​ល្ខោន ក៏​ចាប់យក​អាជីព​នេះ រៀន​បណ្តើរ​ធ្វើការ​បណ្តើរ បាន​លុយ​ចិញ្ចឹម​ខ្លួនឯង សល់​មួយចំណែក​ផ្ញើ​ឲ្យ​ម្តាយ​នៅ​ស្រុក​ថែមទៀត»។

IMG_4124

ដោយសារ​បងប្រុស​ជីដូន​មួយ ជា​អ្នក​បញ្ចូល​សម្លេង​កុន​សម័យមុន​ស្រាប់ អ្នកស្រី​មានឱកាស ហាត់រៀន​បញ្ចូល​សម្លេង​ពី​បងប្រុស​បណ្តើរ ចូលធ្វើការ​បណ្តើរ ទទួលបាន​ប្រាក់ខែខ្លះៗតាំងពី​ឆ្នាំ១៩៩៣នោះមក ដែល​និយាយបានថា​ប្រាក់ខែ៥០ដុល្លារ​ពេលនោះ មាន​ចំនួន​ច្រើន​ព្រោះថា​ប្រាក់ខែ៥០ដុល្លារ​នោះ​អាច​ទិញ​មាស​បាន​ដល់​ទៅ២ជី​ឯណោះ។

ដំបូង​ឡើយ គឺ​បាន​បញ្ចូល​សម្លេង​ឲ្យ​ក្រុមហ៊ុន​ពន្លឺ​ពេជ្រ​វី​ដេរ​អូរ ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ដោយសារ​ការសាកល្បង​ការងារ​នៅ​ទីនោះ មានការ​គាំទ្រ​ពី​ទស្សនិកជន និង​មានការ​ពេញចិត្ត ពេញ​ថ្លើម​ពី​ម្ចាស់​ផលិតកម្ម អ្នកស្រី​បាន​បន្តការងារ​នេះ​រហូតដល់​ឆ្នាំ១៩៩៦ បន្ទាប់ពី​ធ្វើការ​បាន៣ឆ្នាំ​នៅ​ទីនោះ។ ទោះ​ជាមាន​បទពិសោធ​ន៏​នៅ​ទីនោះ​ច្រើន​ឆ្នាំ​ក្តី ប៉ុន្តែ​ភាព​ប៉ិនប្រសប់ នៅ​មិនទាន់​គ្រប់គ្រាន់​ឡើយ ការងារ​បញ្ចូល​សម្លេង​នៅតែ​ជួប​ការលំបាកខ្លះៗនៅឡើយ។

រហូតដល់​ឆ្នាំ១៩៩៦ អ្នកស្រី​បាន​ផ្លាស់ប្តូរ​អាជ​ពី​បញ្ចូល​សម្លេង ប្រចាំ​នៅ​ស្ថា​នី​យ៏​ទូរ​ទស្ស​ន៏ អប្សរា​ដែល​ភាគច្រើន​នៅ​ទីនោះ បញ្ចូល​សម្លេង​រឿង​ភាគ​ថៃ ពេលខ្លះ​ត្រូវ​ប្រចាំ​នៅ​ស្ទី​ឌ​យ៉ូ​ដួងចិត្ត។ ហើយ​ពេល​នោះដែរ ក៏​ចាប់ផ្តើម​អាជីព​ជា​អ្នក​បញ្ចូល​សម្លេង​ឲ្យ​ស្ព​ត​ពាណិជ្ជកម្មបណ្តើរៗ មក​ដែរ ដែល​អាច​រកលុយ​បាន​ក្រៅពី​ប្រាក់ខែ ជួយ​ឲ្យ​ជីវភាព​កាន់តែ​ប្រសើរឡើង​បន្តិចម្តងៗចាប់តាំងពី​ពេលនោះ​មក។ ចំណែក​ការងារ​បញ្ចូល​សម្លេង រឹត​តែមាន​ភាពប្រសើរ​ឡើង​ដែរ​មិន​ពិបាកដូចពេលមុនៗទៀត​ទេ។

ដោយសារ​មាន​ជំនាញ​ជា​អ្នក​បញ្ចូល​សម្លេង​បានល្អ​ប្រសើរឡើង​នេះ​រហូតដល់​ឆ្នាំ ២០០៥ អ្នក ស្រី ក៏បាន​ផ្លាស់ប្តូរ​ការងារ​ជា​អ្នក​ប្រែ​អាជីព ប្រចាំ​នៅ​ទូរ​ទស្ស​ន៏​ស៊ី​ធី​អិន រហូតមកទល់​សព្វថ្ងៃ៕

Comments

comments

NO COMMENTS